ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រសួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។
ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ
ចលនា៖ ព្រាហ្មណ៍និយម
ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា
កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។) អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នកប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)
អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នកប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)
រឿងសង្ខេប៖
នៅនគរព្ធយុធ្យា ព្រះបាទទសរថជាមហាក្សត្រមានមហេសីបីអង្គគឺ នាងកោសកល្យាណ (ម្តាយរបស់ព្រះរាម) នាងសមុទ្រ (ម្តាយរបស់ព្រះលក្ស្មណ៍ និងព្រះសុត្រុត) នាងកៃកេសី (ម្តាយរបស់ព្រះភិរុត)។
ឥសីពិស្វាមិត្របានរៀបចំហោមពិធីជាកិត្តិយសដល់ព្រះរាម និងព្រះលក្ស្មណ៍ដែលបានរៀនចប់គម្ពីរវេទ។ មានយក្សមួយឈ្មោះកាកនាសូរបានមកបំផ្លាញពិធី។ ឥសីពិស្វាមិត្របានជបធ្នូសរឲ្យព្រះរាមយកទៅប្រហារយក្សនោះទៅ។
នៅនគរមិថិលា ព្រះបាទជនកបានធ្វើពិធីច្រតព្រះនង្គ័លនៅទៀបស្ទឹងយមុនា។ ពេលនោះទ្រង់រើសបាននាងសីតាដែលបណ្តែតពោងពាយទុកជាបុត្រី។ លុះនាងសីតាចម្រើនវ័យឡើង ព្រះមុនីបានជបធ្នូសរហើយព្រះចៅមិថិលាបានប្រកាសអធិដ្ឋានថា បើនរណាលើកធ្នូសរនេះរួចនឹងអភិសេកនាងឲ្យ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះអាទិត្យ ព្រះចន្ទ។ល។ បានមកសាកល្បងលើក តែពុំមាននរណាលើករួចឡើយ។ ឥសីពិស្វាមិត្របាននាំព្រះរាម និងព្រះលក្ស្មណ៍ទៅដល់សុំអនុញ្ញាតព្រះចៅមិថិលាឲ្យលើកធ្នូសរ។ ព្រះរាមបានលើកដោយងាយ។ ព្រះចៅមិថិលាបញ្ជូនរាជទូតទៅយាងព្រះបាទទសរថ បិតាព្រះរាមមកចូលរួមក្នុងពិធីអភិសេកព្រះរាម និងនាងសីតា។ រួចហើយព្រះបាទទសរថ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាត្រឡប់មកក្រុងព្ធយុធ្យាវិញ។ នៅកណ្តាលផ្លូវរាមបរមសូរគ្រូសិល្ប៍ (កូនមហាឫសីយាតិក) បានសំឡុតគំរាមកំហែងព្រះបាទទសរថថាលួចឈ្មោះខ្លួនដាក់ឲ្យព្រះរាម ប៉ុន្តែត្រូវព្រះរាមផ្ចាញ់បាក់បបខ្លបខ្លាច។
ព្រះបាទទសរថមានបំណងឲ្យព្រះរាមសោយរាជ្យស្នង។ នាងកៃកេសីមហេសីចុងទូលជំទាស់ដោយសំអាងថាពេលនាងជួយព្រះបាទទសរថច្បាំងឈ្នះព្រះអាទិត្យ ព្រះអង្គសន្យាថានឹងលើករាជ្យឲ្យព្រះភិរុត។ ព្រះបាទទសរថមានបំណងចង់បែងចែកនគរជាពីរ នាងកៃកេសីពុំព្រម សុំបំបរបង់ព្រះរាម ព្រះលក្ស្មណ៍ឲ្យទៅបួសជាតាបសចំនួន១៤ឆ្នាំក្នុងព្រៃ។ លុះផុតកំណត់ទើបអាចមកសោយរាជ្យវិញ។
ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាចាកចេញពីនគរ។ តាមផ្លូវជួបនឹងមហាឫសី និងកូខ័នស្តេចថ្មើរព្រៃដែលបានរំព្ញកអំពីរាជសម្បត្តិ និងជួយរំលែកទុក្ខព្រួយព្រះអង្គ។
ដំណើរព្រះរាមចេញចាកព្ធយុធ្យារហូតដល់ភ្នំចិត្រកូដ។ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាយាងកាត់ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ស្រាប់តែកើតហេតុអស្ចារ្យបណ្តាលឲ្យទីស្ថានប្រែទៅគួរជាទីរីករាយ។ ព្រះអង្គបានជួបនឹងឥសីពាទ្វាទ្យ ដែលទទួលរាក់ទាក់យ៉ាងកក់ក្តៅហើយចង្អុលបង្ហាញផ្លូវទៅកាន់ភ្នំចិត្រកូដ។
នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅបៅមេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។
នៅនគរព្ធយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត។ នាងកៃកេសីបានសរសេរសំបុត្រទៅឲ្យ ព្រះភិរុតមកគ្រងរាជសម្បត្តិ ដោយបញ្ឆោតថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះរាម។ ព្រះភិរុត និងព្រះសុត្រុតលឺសូរដំណឹងនេះត្រេកអរខ្លាំងណាស់ ហើយក៏យាងមកកាន់នគរភ្លាម។ លុះមកដល់នគរបានដឹងថាចាញ់កលម្តាយហើយព្រះបិតាខ្លួនទ្រង់សុគតទៅហើយ ព្រះភិរុតខឹងនឹងព្រះមាតាយ៉ាងខ្លាំង ប៉ុន្តែបាននាងកោសកល្យាណជួយនិយាយលួងលោមព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរ ទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។ ព្រះរាមមិនទទួលពាក្យអង្វរករនេះទេ ព្រោះទ្រង់គោរពពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាងរាជសម្បត្តិឲ្យទៅព្រះភិរុត។ នៅពេលព្រះភិរុតធ្វើដំណើរមកវិញ ក្សត្រទាំងបីអង្គក៏ចាកចេញពីភ្នំចិត្រកូដដែរ ដោយធ្វើដំណើរទៅកាន់ព្រៃភ្នំទណ្តកាណ្យ ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។
ពិរាធបានចូលឆក់នាងសីតា។ ព្រះលក្ស្មណ៍ធានាខ្លួនចេញយកនាងសីតាវិញ ប៉ុន្តែចាញ់យក្ស ព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅ។ អន់ចិត្តនឹងឫទ្ធានុភាពរបស់ខ្លួន ព្រះលក្ស្មណ៍ក៏សុំលាព្រះរាមទៅតាំងសីលដើម្បីរំលឹកមន្តអាគមឡើងវិញ។ ខណៈនោះប្អូនស្រីក្រុងរាពណ៍ ឈ្មោះនាងសូរបនខាក៏កាឡាខ្លួនជាស្រីទេពអប្សរមកចែចង់ព្រះរាម ប៉ុន្តែព្រះរាមប្រកែកដោយសុំឲ្យនាងទៅលួងលោមព្រះលក្ស្មណ៍ជាប្អូនចុះ។ ព្រះលក្ស្មណ៍ដាច់សីលខ្ញាល់នឹងនាងសូរបនខាមករុកគួនក៏ចាប់ផ្តួលកោរសក់កាត់ដៃស្រែកបណ្តេញចេញទៅ។ នាងសូរបនខាឈឺចាប់យ៉ាងខ្លាំង ក៏ប្រែរូបជាយក្ខិណីបានស្រែកកងរំពងព្រៃ ជាហេតុធ្វើឲ្យលឺដល់ក្រុងខរជាបង។ ក្រុងខរក៏បញ្ជូនមេទ័ពមួយឈ្មោះខុនទសណ៍មកនាំនាងសូរបនខាចូលនគរ ហើយខ្លួនលើកទ័ពមកសងសឹកព្រះរាម។ ក្រុងខរបានបញ្ជាឲ្យខុនទសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីមុខ ហើយក្រោយបំផុតក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ត្រូវស្លាប់ដោយសរព្រះរាម។ លុះឃើញបងស្លាប់អស់ហើយ នាងសូរបនខាក៏យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៌ជាបងសោយរាជ្យនៅនគរលង្កា។ នាងថែមទាំងអួតសរសើរពីសម្រស់ល្អឯករបស់នាងសីតា ហើយបានជំរុញឲ្យបងប្រុសរបស់ខ្លួនទៅយកនាងសីតាមកធ្វើជាមហេសី។
ក្រុងរាពណ៍បានពិភាក្សាជាមួយប្អូនៗរួចក៏បញ្ជាទាំងបង្ខំឲ្យសេនាម្នាក់ឈ្មោះមហារីក កាឡាខ្លួនជាប្រើសមាសទៅបញ្ឆោតព្រះរាម។ នាងសីតាឃើញប្រើសមាសក៏បង្ខំព្រះរាមបាញ់ប្រើសមាសនោះ ដើម្បីយកស្បែកធ្វើជាកម្រាលនៅពេលវិលទៅសោយរាជ្យ។ ប្រើសមាសមុននឹងស្លាប់បានស្រែកជាសំឡេងព្រះរាមឲ្យព្រះលក្ស្មណ៍ទៅជួយ។ ព្រះលក្ស្មណ៍ដឹងថាជាល្បិចកលយក្សដែរ ប៉ុន្តែដោយការបង្ខំរបស់នាងសីតា ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះក្រុងរាពណ៍កាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសីតា។
ពេលឃើញឥសីនាងសីតាក៏ចេញមកធ្វើនមស្ការ។ ឥសីក៏ប្រើរូបជាក្រុងរាពណ៍ឆក់នាងសីតា។ នៅតាមផ្លូវ ក្រុងរាពណ៍បានជួបនឹងជតាយុ។ ការប្រយុទ្ធគ្នាកើតឡើង ប៉ុន្តែអ្នកទាំងពីរមានកម្លាំងស្មើគ្នា ក្រុងរាពណ៍បានលួចដោះយកព្រះទម្រង់នាងសីតាចោលត្រូវជតាយុបាក់ស្លាបធ្លាក់ដល់ដី។ បន្ទាប់មកនាងសីតាបានផ្តាំផ្ញើនឹងសត្វកុក ឲ្យយកដំណឹងនេះទៅទូលព្រះរាមផង។ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួន អសោក។