តែងសេចក្តី គឺជាបណ្តុំនៃកថាខណ្ឌគាំទ្រគំនិតសំខាន់តែមួយ។ វាប្រៀបដូចជាការធ្វើជំនួញដោយចែកចេញជា៣ដំណាក់កាលគឺ ផ្សព្វផ្សាយផលិតផល(សេចក្តីផ្តើម) បង្ហាញផលិតផល(តួសេចក្តី) និងសរុបបទបង្ហាញ បញ្ចេញការយល់ឃើញនៃផលិតផល(សេចក្តីបញ្ចប់) ដោយបង្ហាញចេញនូវគោលបំណងរួមមួយគឺចំណេញ(ប្រធានបទ)។ តែងសេចក្តីត្រូវបានគេចែកចេញ ជាបីផ្នែកដែរ គឺ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ហើយដែល ផ្នែកនីមួយៗភ្ជាប់គ្នាដោយ ឃ្លាភ្ជាប់សេចក្តី ។
១.សេចក្តីផ្តើម
ជំនួញដែលរកចំណេញបានច្រើនឬក៍រលូនទៅបានអាស្រ័យលើការចាប់ផ្តើម នៃការផ្សព្វផ្សាយបង្ហាញអតិថិជនឱ្យមានការចាប់អារម្មណ៍ ដោយឡែកការធ្វើតែងសេចក្តីក៍ដូច្នេះដែរ។ បើយើង ធ្វើសេចក្តីផ្តើមបានល្អ អាចធ្វើអោយអ្នកអាន ឬ អ្នកកែ ចង់អាន ចង់តាមដានកិច្ច ការយើងជាបន្តទៀត តែបើយើងធ្វើមិនបានល្អទេ យើងក៍គ្មាន សមត្ថភាពទាក់ទាញអារម្មណ៍អ្នកទាំងនោះអោយចង់អានឬតាមដាន កិច្ចការយើងតទៅទៀតដែរ ហើយគេអាចវាយតំលៃលើ សមត្ថភាព សំនេរទាំងមូលរបស់យើង បានដោយពុំចាំបាច់ចំណាយពេលវេលា អានឬមើលតទៅទៀត។
- ផ្តើមសេចក្តីមានគោលបំណង៤យ៉ាងគឺ៖
- បង្ហាញប្រធានបទរបស់តែងសេចក្តី
- ផ្តល់គំនិតទូទៅដែលទាក់ទងនឹងប្រធានបទ
- ជាការបញ្ជាក់ប្លង់សរុបនៃតែងសេចក្តីទាំងមូល
- ជាការទាញអារម្មណ៍អ្នកអានឱ្យផ្តោតលើប្រធានបទ។
ផ្តើមសេចក្តី ចែកចេញជាបីផ្នែក(លំនាំ ចំណូល ចំណោទ)៖
- លំនាំបញ្ហា៖ គឺជាគំនិតទូទៅដែលទាក់ទងនឹងប្រធានបទ ។ ការសរសេរ ឬបង្កើត គំនិតទូទៅនេះ មិនមែនចេះតែសរសេរតាមការនឹកឃើញនោះទេ ពោលគឺត្រូវតែពាក់ព័ន្ធនឹងប្រធានបទ។ លំនាំបញ្ហាប្រៀបដូចជាការទាក់ទាញភ្ញៀវឱ្យស្គាល់ហាងលក់ទំនិញរបស់យើងដូច្នេះដែរ ដោយធ្វើយ៉ាងណាឱ្យភ្ញៀវដឹងថាយើងលក់ទំនិញអ្វី។
ឧទាហរណ៍(ប្រធានបទប្រាជ្ញាជាអាវុធ)៖ ជាទូទៅ ជីវិតមនុស្សរមែងតែងជួបឧបសគ្គនៃជីវិត មានមនុស្សខ្លះសុខចិត្តចុះចាញ់ រីឯអ្នកខ្លះទៀតបានខិតខំពុះពារ ប្រើប្រាស់ប្រាជ្ញារបស់ពួកគេដើម្បីដោះស្រាយវិបត្តិ និងឧបសគ្គទាំងនោះ។
- ចំណូលបញ្ហា៖ គឺយើងត្រូវទាញប្រធានបទចូលឱ្យកាន់តែជ្រៅ ប្រៀបដូចជា យើងនាំភ្ញៀវឱ្យចូលនៅក្នុងហាងរបស់យើង ហើយបង្ហាញថាយើងមានទំនិញពិសេសអ្វីដែលត្រូវលក់។ នៅក្នុងចំណូលបញ្ហា យើងត្រូវប្រើឃ្លានសំនួនមួយចំនួនដើម្បីបង្ហាញថា យើងមកដល់ចំណូលបញ្ហាហើយ។ ឃ្លាសំនួននេះអាចសរសេរបានថា៖
- ហេតុដូចនេះហើយ ទើបមានមតិមួយបានលើក ឡើងថា "ប្រាជ្ញាជាអាវុធ" ។
- ដូច្នេះហើយទើបមានទស្សនៈមួយបានអះអាងថា …….។
- ចំណោទបញ្ហា៖ គឺជាការចោទសួរចំពោះប្រធានបទ ហើយចម្លើយនៃចំណោទបញ្ហាត្រូវបង្ហាញនៅក្នុងតួសេចក្តី បានសេចក្តីថានៅពេលដែលយើងលើកជាសំណួរ នោះអ្នកអានរមែងចង់ដឹងចម្លើយ ដូច្នេះស្មេរត្រូវសរសេរយ៉ាងណាដើម្បីបង្ហាញចម្លើយនៃចំណោទបញ្ហា ដែលមានខ្លឹមសារទាក់ទងនឹងប្រធានបទ។
សំនួរនៃចំណោទបញ្ហាត្រូវប្រើប្រាស់តាមប្រភេទនៃប្រធាន
ប្រធានពន្យល់ ៖
- តើមតិលើកឡើងខាងលើ មានខ្លឹមសារដូចម្តេច ?
- តើមតិទស្សនៈ ប្រធាន ដែលលើកឡើងថា ….. ……មានអត្ថន័យ យ៉ាងណាដែរ ?
ប្រធានពិភាក្សា ៖
- តើការលើកឡើងរបស់ប្រធាន ត្រឹមត្រូវដែរឬទេ ?
- តើមតិទស្សនៈប្រធានដែលអះអាងថា …………. ………សមហេតុ សមផលដែរឬយ៉ាងណា ?
សម្រាប់តួសេចក្ដី ចុចទីនេះ