របៀបសរសេរសំណេរតែងសេចក្តី (តួសេចក្ដី)


សម្រាបសេចក្តីផ្តើម ចុចទីនេះ



២.តួសេចក្តី

ដើម្បីសរសេរតួសេចក្តីបាន ជាដំបូងយើងត្រូវសរសេរឃ្លាភ្ជាប់សេចក្តី(ដើម្បីជាទុនមុន…) ដោយធ្វើការពន្យល់លើពាក្យ ឬឃ្លាមួយចំនួន បន្ទាប់មកសរុបន័យនៃពាក្យ ឬឃ្លាទាំងនោះ ដោយបង្ហាញប្រាប់អ្នកអានថាប្រធានចង់និយាយអំពីអ្វី(សរុបពន្យល់ពាក្យ រួចពន្យល់ពីប្រធាន)ជាមុន ដើម្បីឈានទៅធ្វើការបកស្រាយខ្លឹមសារប្រធានទាំងមូល។
  • ឃ្លាភ្ជាប់សេចក្តី៖ ដើម្បីជាទុនមុនការបកស្រាយ យើងគប្បីយល់ ន័យនៃពាក្យគន្លឹះសំខាន់ៗជាមុនសិន ។
  • ពន្យល់ពាក្យ ឃ្លា ន័យប្រធាន៖ ពាក្យប្រាជ្ញា មានន័យថា បញ្ញាញាណ ឬភាពឈ្លាសវាងវៃ រីឯពាក្យ អាវុធ វិញ មានន័យថា គ្រឿងប្រដាប់សម្រាប់ប្រយុទ្ធ ឬការពារខ្លួន។ តាមការបកស្រាយន័យនៃពាក្យគន្លឹះទាំងនេះរួចមកនេះ ប្រធាបទខាងលើមានន័យថា ភាពឈ្លាសវាងវៃគឺជាគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដើម្បីដោះស្រាយវិបត្តិនិងបញ្ហានានា។
    • ប្រធានខ្លះ តំរូវអោយពន្យល់ឃ្លាថែមទៀត ដូចនេះក្រោយ ពីធ្វើការពន្យល់ពាក្យរួចហើយ យើងត្រូវពន្យល់ន័យនៃឃ្លា ជាមុនសិន មុននឹងឈានទៅពន្យល់បកស្រាយន័យប្រធាន ។ ឧទាហរណ៍៖ ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងត្រូវពន្យល់ពាក្យគន្លឹះ គឺ ពាក្យ ប្រាជ្ញា និងអាវុធ បន្ទាប់មកយើងបង្ហាញប្រាប់ថា ប្រធានមានន័យថា “ភាពឈ្លាសវៃជាគ្រឿងការពារឱ្យមនុស្សអាចដោះស្រាយបញ្ហា”ជាដើម។ រីឯប្រធានបទ “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ” យើងត្រូវពន្យល់ឃ្លា “នៅផ្ទះម្តាយទីទៃ” និងឃ្លា “ទៅព្រៃម្តាយតែមួយ” រួចធ្វើការបង្ហាញថាប្រធានចង់និយាយពីអ្វី។
  • បកស្រាយប្រធាន៖ ការបកស្រាយប្រធាននេះ គឺមិនមែនត្រឹមតែប្រាប់អ្នកអានថាប្រធានមានន័យយ៉ាងណាប៉ុណ្នោះទេ តែស្មេរត្រូវបន្ថែមអំណះអំណាន ដោយលើកយកឧទាហរណ៍ពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញ។ ឧទាហរណ៍ ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងអាចលើកយកជីវភាពរស់នៅប្រចាំថ្ងៃ អក្សរសិល្ប៍ឬរឿងព្រេងដូចជារឿងទន្សាយ និងខ្យង ឬលើកយកផ្នែកនៃប្រវត្តិសាស្រ្តណាមួយមកបកស្រាយបង្ហាញអំណះអំណានគាំទ្រការបកស្រាយប្រធានបទរបស់យើង។
    ចំណាំ៖ រាល់ការបកស្រាយប្រធានរួច ស្មេរត្រូវបូកសរុប ឬធ្វើសេចក្តីសន្និដ្ឋាននៅក្នុងតួសេចក្តីជាមុនសិន មុននឹងចូលដល់ការសេចក្តីសេចក្តីបញ្ចប់។
សម្រាប់ប្រធានពន្យល់៖ ការបកស្រាយត្រូវស្របតាមខ្លឹមសាររបស់ ប្រធាន ។ ការបកស្រាយក្នុងប្រធានពន្យល់ គឺគ្រាន់តែជាការ ពង្រីកខ្លឹមសារ អត្ថន័យ របស់ប្រធាន ដែលបានលើកឡើងតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យស្មេរធ្វើការវិភាគ រកហេតុផល ខុសត្រូវទេ។ យ៉ាងណាមិញ ដើម្បីឱ្យការបកស្រាយពង្រីកន័យនេះល្អ យើងអាចប្រើវិធីពន្លេចក្នុងគោលបំណងធ្វើអោយ អ្វីដែល យើងបានលើកឡើងមានភាពប្រាកដជាក់លាក់ និង ច្បាស់លាស់ ឡើង ដោយយើងត្រូវលើកយក ឃ្លា ល្បះឬកថាខ័ណ្ឌផ្សេងៗដោយមាន ឧទាហរណ៍សំរាប់គាំទ្រអំនះអំណានដោយដកស្រង់ចេញពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញផង ។ បន្ទាប់ពីការបកស្រាយ ត្រូវបូកសរុប ដែលយើងនិយមហៅថា សរុបសេចក្តី ឬការសន្និដ្ឋាន។

ចំណែកឯប្រធានពិភាក្សាការបកស្រាយប្រធានចែកចេញជាពីរផ្នែក គឺ មតិស្រប, មតិផ្ទុយ និងសំយោគមតិ ។

  • មតិស្រប៖ បកស្រាយស្របតាមន័យប្រធាន ដោយលើកយក ឧទាហរណ៍ និង អំនះអំនាងគាំទ្រ ។ ក្រោយការបកស្រាយ ត្រូវធ្វើ ការបូកសរុបខ្លីមួយ ។
  • មតិផ្ទុយ៖ បកស្រាយផ្ទុយពីគំនិតប្រធានបទ ពោល គឺបកស្រាយ បញ្ជាក់បន្ថែមលើការខ្វះខាតក្នុងមតិស្រប។ ក្នុងការបកស្រាយ យើង ត្រូលើកយកឧទាហរណ៍ និង អំនះអំនាងគាំទ្រមកអះអាងបញ្ជាក់ ។ ក្រោយការបកស្រាយ ត្រូវធ្វើការបូកសុបខ្លីមួយ ។
  • សំយោគមតិ ឬ មតិពិភាក្សា៖ ក្រោយពីការបក ស្រាយមតិស្រប និង មតិផ្ទុយ រួចហើយ យើងត្រូវធ្វើ ការបូកសរុបដោយប្រើ សំយោគ មតិ ឬក៍មតិពិភាក្សា ។ក្នុងករណីដែលមតិស្រប និង មតិផ្ទុយត្រឹមត្រូវ ដូចគ្នា បំពេញអត្ថន័យអោយគ្នាទៅវិញទៅមក យើងប្រើសំយោគ មតិ តែប្រសិនបើមតិទាំងពីរ មានមតិណាមួយមិនត្រឹមត្រូវ យើងត្រូវ ពិភាក្សាទាត់ចោលខ្លឹមសារមតិដែលពុំត្រឹមត្រូវនោះចោល ដោយប្រើ មតិពិភាក្សា ។
ក៍ប៉ុន្តែ ប្រសិនបើមតិទាំងពីរ ទាំងមតិស្របនិងបដិមតិ ខុសទាំងពីរ នោះយើងត្រូវង្កើតគំនិតថ្មីមួយដែលត្រឹម ត្រូវ ជំនួសមតិទាំងពីរ ។


សម្រាបបញ្ចប់សេចក្ដី ចុចទីនេះ